ព័ត៌មានជាតិ

ឡានដឹកឥដ្ឋបុករះ រថយន្ត ២គ្រឿង រងការខូចខាត ខណៈឈប់ឲ្យឡានក្រឡុកស៊ីម៉ងត៍ បើកឆ្លងផ្លូវ

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍បើកឆ្លងផ្លូវ ហើយរថយន្តពីរគ្រឿងទៀតឈប់ ស្រាប់តែរថយន្ត ដឹកឥដ្ឋជ្រុលទៅបុករះកៀរពីក្រោយ ខូចខាតរថយន្តបីគ្រឿង តៃកុងបង្កចុះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ចំណុចមុខផ្លូវបត់ចូលអធិការដ្ឋានខណ្ឌជ្រោយចង្វារ ខាងត្បូងផ្សារព្រែកលៀបប្រមាណ ២០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្ត ដឹកឥដ្ឋបង្កម៉ាក ហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7868 បើកបរដោយបុរសម្នាក់។
រថយន្តរងគ្រោះទី១ ម៉ាក ធុនត្រា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL-8558 បើកបរដោយបុរសម្នាក់។
រថយន្ត រងគ្រោះទី២ ម៉ាក ហាយែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2577 បើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងបីគ្រឿង បានបើកស្របទិសគ្នាពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦អា ដោយរថយន្តធុនត្រាបើកខាងមុខខាងឆ្វេង រថយន្តហាយឡែនឌ័រ បើកខាងស្តាំ រថយន្តហ៊ីយុនដាយបើកពីក្រោយ លុះដល់ចំណុចកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកឆ្លងផ្លូវពីលិចទៅកើត រថយន្តហាយឡែនឌ័រ និងធុនត្រា បានឈប់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកឥដ្ឋ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររះ បណ្តាលឲ្យខូចខាត ភ្លាមៗនោះតៃកុងបង្កបើកទ្វារចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់