ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត CRV មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងផ្ទះពលរដ្ឋ ខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសម្នាក់ បើករថយន្តម៉ាក CRV មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង រងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចស្តុបព្រលានថ្មី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-1950 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តខាងលើធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បន្តទៅមុខប្រមាណជា ៣០ម៉ែត្រ បុកផ្ទះប្រជាពលរដ្ឋរងការខូចខាត ទៅមុខលែងរួច រងការខូចខាតស្ទើរតែទាំងស្រុង ភ្លាមនោះតៃកុងរថយន្តបានសន្លប់មួយសន្ទុះនៅក្នុងរថយន្ត តែត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាជួយសង្គ្រោះយកចេញពីក្នុងរថយន្ត ខណ:ដែលសមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់