ព័ត៌មានសិល្បៈ និងកម្សាន្ត

កុមារី ល្អហួស ត្រូវបានមហាជនកោតសរសើរ ពីការចេះធ្វើបុណ្យទាំងខ្លួននៅក្មេង ខណៈថ្មីៗនេះទើបតែបរិច្ចាគប្រាក់មួយចំនួនដល់ក្លឹបបណ្តុះបណ្តាលវប្បធម៌ខ្មែរ

(ភ្នំពេញ)៖ កុមារី ល្អហួស បច្ចុប្បន្ននេះហាក់មានភាពល្បីល្បាញជាខ្លាំង ដោយសារតែពោរពេញដោយសមត្ថភាពផ្នែកសិល្ប: ពោលគឺអាចរាំរបាំបុរាណខ្មែរ រាំបែបសម័យ អាចចម្រៀង និងសម្តែងផងដែរ។ ហើយងាកមករូបសម្រស់វិញ គឺស្រស់ស្អាតពីធម្មជាតិតែម្តង។ ក្រៅពីនេះ កុមារី ល្អហួស ថែមទាំងមានទឹកចិត្តល្អផងដែរ ព្រោះខណ:ថ្មីៗនេះទើបតែបរិច្ចាគប្រាក់មួយចំនួនដល់ក្លឹបបណ្តុះបណ្តាលវប្បធម៌ខ្មែរ ដើម្បីសម្រាលទុក្ខលំបាក។

យោងតាមការឲ្យដឹងពីកញ្ញា ស៊ូ ដាណេ ដែលជាសិល្បកររបាំបុរាណ ក៏ដូចជាតារាសម្តែងមួយរូបធ្លាប់បានអំពាវនាវស្នើសុំជំនួញ ដើម្បីជួយដល់ក្លឹបបណ្តុះបណ្តាលវប្បធម៌ខ្មែរ ដែលជំពាក់ថ្លៃដីជួលគេរយ:ពេល១ឆ្នាំកន្លងមកហើយនោះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលស្រឡាញ់និងបារម្ភពីការបាត់បង់ទម្រង់បុរាណខ្មែរ ប្រសិនបើក្លឹបត្រូវបានបិទចោល ព្រោះខ្វះលទ្ធភាពនោះ បានចូលរួមថវិការ ដើម្បីជួយសម្រាលបន្ទុកដ៏ធ្ងន់នោះជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ នាងតួច ល្អហួស ក៏បានចូលរួមថវិការ ដើម្បីជួយដល់ក្លឹបបណ្តុះបណ្តាលវប្បធម៌ខ្មែរ ចំនួន១០០ដុល្លារអាមេរិកផងដែរ ដើម្បីជួយសម្រួលទុក្ខលំបាកដល់លោកគ្រូ ដែលបានជំពាក់ថ្លៃជួលដីគេ ដើម្បីបន្តបើកក្លឹបតទៅទៀត។

ជុំវិញទឹកចិត្តរបស់ ល្អហួស យ៉ាងប្រពៃបេបនេះ គឺទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ដែលអាចចាត់ទុកបានថា ជាទង្វើដ៏ល្អក្នុងសង្គម និងជាគំរូសម្រាប់បងប្អូន មិត្តភ័ក្តផងដែរ៕

មតិយោបល់