ព័ត៌មានជាតិ

ឡិចស៊ីស RX330 មួយគ្រឿងបើកលឿនជ្រុលបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសស្រវឹងម្នាក់ បើករថយន្តឡិចស៊ីស RX330 មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលបុករថយន្តតូយ៉ូតាព្រូស០២គ្រឿង និងម៉ូតូកង់បីមួយគ្រឿង តាមបណ្ដោយផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយរថយន្តនេះបានព្យាយាមបើកគេចខ្លួន ក៏ជ្រុលទៅបុករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងទៀត កំពុងឈប់រង់ចាំស្តុប នៅត្រង់ចំណុចមុខកងរាជអាវុធហ្ថតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស RX330 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BI-7587 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ៣៥៥ ទិសដៅស្តុបកាំខូស៊ីតធី ទៅអង់តែនទួលគោក ។ លុះពេលមកដល់ ត្រង់ចំណុចក្បែរខ្លោងទ្វារវត្តញាណរង្សី រថយន្តនោះបានជ្រុលចង្កូតបុកពីក្រោយរថយន្ត តូយ៉ូតាព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8985 បើកបរស្របទិសគ្នា និងខ្ទាតទៅខាងមុខបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-0245 កំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរថយន្តតូយ៉ូតាព្រូសទាំងពីរគ្រឿងនោះ រងការខូចខាតយ៉ាងដំណំផងដែរ ។

បន្ទាប់មករថយន្តឡិចស៊ីស RX330 មិនបានឈប់ដោះស្រាយគ្នានោះទេ បានព្យាយាមបើកគេចខ្លួន ចេញពីកន្លែងកើតហេតុ៥០ម៉ែត្រ បានកៀរម៉ូតូកង់បីមួយគ្រឿង ម៉ាកបាចា ពណ៌លឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបែកចង្កៀង ខាងមុខមួយ ចំហៀងខាងឆ្វេង ។

ហើយរថយន្តបង្កម៉ាកឡិចស៊ីស RX330 ខាងលើនេះ បានបន្ថែមល្បឿនទៅមុខយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ២៨៩ ទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចស្តុបកងរាជអាវុធហ្ថតរថយន្តឡិចស៊ីស RX330 នោះជ្រុលបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-0220បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នា កំពុងឈប់ភ្លើងស្តុបចរាចរណ៍ បណ្ដាលឲ្យរថយន្តតូយ៉ូតាព្រូស ខ្ទាតទៅមុខឆ្លងផ្លូវម្ខាងទៀត រងការខូចខាតមួយកំណាត់ក្រោយ រីឯរថយន្តឡិចស៊ីស RX330 បានរងខូចខាតផ្នែកខាងមុខយ៉ាងដំណំបន្ទាប់មកវត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកអន្តរាគមន៍ ។

ក្រោយពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានតំណាងភាគីរថយន្តបង្កម៉ាកឡិចស៊ីស RX330 ចេញមុខដោះស្រាយ ជាមួយភាគីរងគ្រោះ ។ ដោយមិនចង់មានរឿងវែងឆ្ងាយ ខាងរថយន្តបង្ក បានចេញសំណងទៅឲ្យភាគីរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ​ ៕

មតិយោបល់