ព័ត៌មានជាតិ

ឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណីវាយធ្វើបាប និងចងកម្មករជាងដែកភ្ជាប់នឹងសសរផ្ទះ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានករណីម្ចាស់ផ្ទះចងកម្មករភ្ជាប់នឹងសសរផ្ទះ វេលាម៉ោង២៣ និង ០០នាទី ចំណុចផ្ទះជនសង្ស័យ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ផាត ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តស្វាយរៀង ។

ជនសង្ស័យ០២នាក់ (ប្ដីប្រពន្ធ) ជាម្ចាស់ផ្ទះ៖ ១.ឈ្មោះ ស៊ឹម វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាងដែក (ឃាត់ខ្លួន) ។
២.ឈ្មោះ ថន សោរ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបកសិករ (ឃាត់ខ្លួន) អ្នកទាំងពីរ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក៖ ខ្សែលីឡុងពណ៌ស ប្រវែង០២ម៉ែត្រចំនួន០១ខ្សែ ។

ជនរងគ្រោះបានមកស្នាក់នៅជាមួយជនសង្ស័យ ធ្វើការជាកម្មករ ជាងដែកឱ្យជនសង្ស័យ រយៈពេល០២ខែមកហើយ ជនសង្ស័យមិន ដែលបើកប្រាក់ខែ ឲ្យទៅជនរងគ្រោះនោះទេ ពេលជនរងគ្រោះទារបើកប្រាក់ខែ ជនសង្ស័យបានឆ្លើយ ប្រាប់ជនរងគ្រោះថា ស្នាក់នៅស៊ីចុករាល់ថ្ងៃគ្មានប្រាក់ខែឯណាបើកឲ្យទេ ជនរងគ្រោះតូចចិត្តក៏ចេះតែ ដើរផឹកស៊ីហើយឡូឡា ហើយកន្លងមកជនសង្ស័យ ទាំងពីរនាក់ ប្ដីប្រពន្ធតែងតែវាយធ្វើបាបជនរងគ្រោះជាច្រើនដង នៅពេលដែលជនរងគ្រោះផឹកស្រាស្រវឹង ។

លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានទិញស្រាថ្នាំ យកមកផឹកនៅលើផ្ទះជនសង្ស័យតែម្នាក់ឯង រហូតដល់វេលាម៉ោង ២១និង ០០នាទី ជនរងគ្រោះក៏មានភាពស្រវឹង ហើយបានឡូឡា ពេលនោះជនសង្ស័យឈ្មោះ ថន សោរ បានឃាត់តែជនសង្ស័យ មិនស្ដាប់ ហើយក៏តេទូរស័ព្ទទៅប្រាប់ជនសង្ស័យឈ្មោះ ស៊ឹម វីរៈ ដែលត្រូវជាប្តីរបស់ខ្លួន អំពីសកម្មភាពរបស់ជនរងគ្រោះ ។

ដល់វេលាម៉ោង២២ និង ០០នាទី ជនសង្ស័យឈ្មោះ ស៊ឹម វិរៈ ក៏បានមកដល់ផ្ទះ ពេលនោះជនរងគ្រោះក៏បានជេរបញ្ចោរជនសង្ស័យ ហើយជនសង្ស័យបានឃាត់ តែជនរងគ្រោះនៅតែមិនស្ដាប់ រហូតដល់វេលាម៉ោង២៣និង០០នាទី ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានចាប់ជនរងគ្រោះ ហើយយកខ្សែគោពណ៌សប្រវែង០២ម៉ែត្រ ទៅចងជនរងគ្រោះភ្ជាប់នឹងសសរផ្ទះ ហើយអ្នកជិតខាងឃើញ ហេតុការណ៍នេះ ក៏បានរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យ ទាំងពីរនាក់មកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនពិតជាបានយកខ្សែលីឡុង ពណ៌ស ចងជនរងគ្រោះភ្ជាប់នឹងសសរផ្ទះ របស់ខ្លួនពិតមែន ។ ចំពោះជនរងគ្រោះ និងជនសង្ស័យទាំងពីរនាក់ ក្រុមគ្រូពេទ្យបានធ្វើ សំណាករកមេរោគ covid-19 លទ្ធផលគឺអវិជ្ជមាន (-) ។

បច្ចុប្បន្ន​ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕

មតិយោបល់