ព័ត៌មានជាតិ

ផឹកស្រាថ្នាំស្រវឹងជោក យកពូថៅទៅកាប់បំផ្លាញបង្គោលភ្លើងតាមដងផ្លូវ បណ្ដាលឲ្យទ្រុឌខូច២៥បង្គោល

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០២១ ករណីធ្វើឱ្យខូចខាត ដោយចេតនា (វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ) ចំណុចកើត ហេតុភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឡោ ឡេង ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (មេភូមិព្រែកយាយហាយ) ។ ជនសង្ស័យ (ឃាត់ខ្លួន) ៖ឈ្មោះ ហ៊ិន កុសល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ បានធ្វើតេស្តរហ័ស រកវីរុស COVID-19 លទ្ធផលអវិជ្ជមាន (-) និងធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន (+) ។

វត្ថុតាងចាប់យកមាន៖ ពូថៅដងឈើផ្លែដែក ចំនួន០១ មានប្រវែង ៤៥ស.ម ។

​ជនសង្ស័យ ហ៊ិន កុសល ភេទប្រុស គឺជាមុខសញ្ញាជក់គ្រឿងញៀនខុសច្បាប់ ធ្លាប់ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ហៅមកធ្វើ កិច្ចសន្យាអប់រំណែនាំម្ដងរួចមកហើយ។ ​លុះនៅពេលវេលាកើតហេតុខាងលើ បន្ទាប់ពីជនសង្ស័យ ហ៊ិន កុសល បានផឹកស្រាថ្នាំ ស្រវឹងជោកខ្លួន ក៏បានយកពូថៅចំនួន០១ ដើរទៅកាប់បំផ្លាញបង្គោលភ្លើងតាមដងផ្លូវ ក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុក កោះធំ ខេត្តកណ្ដាល បណ្ដាលឱ្យមានស្នាមទ្រុឌខូច អស់ចំនួន២៥បង្គោល និងបែកអំពូលភ្លើងអស់ចំនួន២៥អំពូល ។ នៅពេល នោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលបានឃើញហេតុការណ៍នេះ បាននាំគ្នាមករាយការណ៍ជូនជនរងគ្រោះ ដែលជាមេភូមិ ឱ្យបាន ដឹង ព្រោះជនរងគ្រោះគឺជាមេភូមិ និងជាអ្នកផ្ដួចផ្ដើមគំនិត កសាងបង្គោលភ្លើងបំភ្លឺផ្លូវខាងលើនេះឡើង ។ ជនរងគ្រោះក៏បានចុះ ទៅពិនិត្យឃើញ មានការបែកបាក់ខូចខាត ដូចប្រជាពលរដ្ឋរាយការណ៍មែន ក៏បានរាយការណ៍មកនគរបាលប៉ុស្ដិ៍ព្រែកថ្មី ឱ្យចុះ អន្តរាគមន៍ ចាត់ការតាមច្បាប់តែម្ដង ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ហ៊ិន កុសល រួមជាមួយវត្ថុតាងពូថៅ មកកាន់ប៉ុស្ដិ៍រដ្ឋបាល ដើម្បីសួរនាំ និងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំ ចាត់ការបន្តតាមនីតិវិធីតែម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងចាត់ការតាមនីតិវិធី ៕

មតិយោបល់