ព័ត៌មានជាតិ

អាសូរណាស់! ប្រទះឃើញសាកសពទារកម្នាក់ទើនៅច្រាំងទន្លេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ សាកសពទារកម្នាក់ ត្រូវបានអ្នករកត្រី ប្រទះឃើញអណ្តែតមកទើលើច្រាំងទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១១យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅច្រាំងទន្លេ ម្តុំស្ថានីយ៍បូមទឹក ខាងត្បូងរង្គសាលទន្លេសាប ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីបងប្រុសឈ្មោះ រឹទ្ធា រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ដែលជាអ្នកឃើញសពមុនដំបូងគេ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ រូបគាត់និងបងប្អូនប្រុស២នាក់ទៀត បានចុះទៅចាប់ត្រីនៅកន្លែងកើតហេតុ។ ខណៈនោះក៏ធំក្លិនស្អុយ តែមិនបានចាប់អារម្មណ៍ទេ ដោយរវល់ចាប់ត្រី។ លុះពេលដើរចាប់មកកាន់តែជិតសព គឺមានអារម្មណ៍ថាក្លិនស្អុយចេះតែខ្លាំងឡើងៗ ទើបរូបគេរួមទាំងបងប្អូន២នាក់ទៀតដើររកមើលក្រែងមានសត្វឆ្មា រឺក៏ឆ្កែងាប់នៅក្បែរនោះ។ ស្រាប់តែប្អូនប្រុសរបស់គាត់ បានឃើញសពកូនក្មេងតូច ប៉ុនកំភួនជើង ដេកស្លាប់ផ្កាប់មុខ ភ្លាមៗនឹកស្មានតែជាតុក្កតា ។ដោយមិនអស់ចិត្តរូបគាត់ ក៏បានយកជើងទៅជាន់ មានអារម្មណ៍ទន់ៗ និងមានបែកឈាមចេញមក ទើបផ្អើលឆោឡោ ទូរសព្ទប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

បើតាមសមត្ថកិច្ចវិញ បានបញ្ជាក់ប្រាប់បន្ថែមថា សពទារកនេះ អាចត្រូវបានគេយកមកបោះចោល២ទៅ៣ថ្ងៃមកហើយ ហើយការបោះចោលនេះ ទំនងជាបោះនៅកន្លែងផ្សេង ទើបហូរអណ្តែតមកទើបត្រង់ចំណុចនេះ។ តែយ៉ាងណាក៏ដោយនេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ អាជ្ញាធរបានស្រង់សពយកមកលើច្រាំង ព្រមទាំងច្រកក្នុងថង់ និងយកទៅកប់នៅក្នុងវត្តឯត្រើយខាងកើតទន្លេ ដោយលោកបានបញ្ជាក់ថា ទោះយ៉ាងណាយើងមិនអាចទុកសពចោលទេត្រូវតែយកទៅកប់៕

មតិយោបល់