ព័ត៌មានជាតិ

នគរបាលខណ្ឌដង្កោបង្ក្រាបក្រុមជនសង្ស័យចំនួន​៣​នាក់ ពាក់ពន្ធ័ករណីប្លន់ម៉ូតូ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនក្រុមចោរប្លន់ចំនួន​៣​នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេចកាលពី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ​កន្លងទៅ។ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយដក​ហូតបានម៉ូតូជនរងគ្រោះចំនួនមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១-​ឈ្មោះ ហេង សេង​ហៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ រុន រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្នោត​ជ្រុំ​៥ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ ភាព សុខ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ថុល វណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក ទីលំនៅ​ភូមិ​រការ​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-6794 (ជារបស់ជនរងគ្រោះ) កាំបិត​កែច្នៃ​ចំនួន​០១, កាំបិតប៉័ងតោ​ចំនួន​០១, ទូរស័ព្ទដៃ​ម៉ាក​OPPO ពណ៌​ទឹកមាស​ចំនួន​០១​គ្រឿង ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​២៣​និង០០​នាទី ត្រង់ចំណុច​ផ្លូវលំ ស្ថិតនៅ​ភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក្រុមជនសង្ស័យបានធ្វើសកម្មភាព​វាយប្លន់យកម៉ូតូ​ពីជនរងគ្រោះបានសម្រេច រួចនាំគ្នាគេចខ្លួន​បាត់​អស់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បី​ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់៕

មតិយោបល់