ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តអំពើលួច

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីអំពើលួច នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សាន់ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ០២នាក់ប្រុស៖ ១-ឈ្មោះ ហួត ហួរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ២-ឈ្មោះ សៅ សឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។

សម្ភារ:បាត់បង់៖ ម៉ូទ័រកាត់ឈើចំនួន០១ ម៉ូទ័រស្វានចំនួន០១ ម៉ូទ័រខាត់ចំនួន០១ ម៉ូទ័រមួលវីសចំនួន០១ និងប៉ុស្ដិ៍សម្រាប់ ផ្សារដែកចំនួន០១ (ជារបស់ជនរងគ្រោះ យកបានមកវិញ) ។ វត្ថុតាងចាប់យក៖ ម៉ូទ័រកាត់ឈើចំនួន០១ ម៉ូទ័រស្វានចំនួន០១ ម៉ូទ័រកាត់ដែកចំនួន០១ ម៉ូទ័រមួលវីសចំនួន០១ និងប៉ុស្ដិ៍សម្រាប់ ផ្សារដែកចំនួន០១ ។

នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែលប្រាំបួនព្រឹក ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីជូនកូនទៅសាលារៀនវិញ ក៏បានជួបជាមួយជនសង្ស័យទាំងពីរនាក់ (ដែលធ្លាប់ជាកម្មករចាប់សត្វមាន់ ឲ្យជនរងគ្រោះ) បានឈប់ម៉ូតូនៅចំណុចខាងមុខ ច្រកចូលផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបាននិយាយប្រាប់ទៅជនរងគ្រោះថា លោកពូកុំទាន់រកអ្នកបើកឡានថ្មីអី ព្រោះតៃកុងឡានចាស់គាត់ត្រឡប់មកវិញហើយ ពេលនោះជនរងគ្រោះក៏ និយាយតប់វិញថា មិនអីទេឲ្យមកវិញមកប្រញាប់ ដឹកសត្វមាន់ឲ្យម៉ូយ ក្រោយពីនិយាយគ្នារួចរាល់ហើយ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូចេញទៅបាត់ទៅ ។

រហូតដល់ម៉ោង១៥និង៣០នាទី ទើបជនរងគ្រោះបានចូលទៅក្នុងឃ្លាំងដាក់សម្ភារ: ក៏ឃើញមានបាត់ម៉ូទ័រកាត់ឈើចំនួន០១ ម៉ូទ័រស្វានចំនួន០១ ម៉ូទ័រកាត់ដែកចំនួន០១ ម៉ូទ័រមួលវីសចំនួន០១ និងប៉ុស្ដិ៍សម្រាប់ផ្សារដែកចំនួន០១ បន្ទាប់មកជនរងគ្រោះ ក៏បានសួរនាំ ទៅក្រុមគ្រួសារក្រែងមានអ្នកខ្ចីយកទៅប្រើប្រាស់ តែគ្មានអ្នកដឹងឡើយ ។

រហូតដល់ថ្ងៃទី០៥ ខែឆ្នាំដដែល វេលាម៉ោងប្រហែលប្រាំបី និងសាមសិបនាទី ជនរងគ្រោះបានជួបជាមួយជនសង្ស័យ នៅតាមផ្លូវក៏ហៅសួរនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែលដប់ប្រាំរសៀល ខ្លួននិងបក្ខពួកបាននាំគ្នា ធ្វើសកម្មភាពចូលលួចយកសម្ភារ: របស់ជនរងគ្រោះដូចខាងលើ បន្ទាប់ពីលួចបានហើយជនសង្ស័យ ក៏នាំគ្នាយកសម្ភារ:ទាំងអស់នោះ ទៅលក់ឲ្យអ្នកបើករ៉ឺម៉កទិញអេតចាយតាមផ្លូវ បានប្រាក់ចំនួន១២០០០០រៀល បន្ទាប់ពីលក់បានប្រាក់ហើយ ក៏នាំគ្នាយកទៅចាយវាយ និងទិញថ្នាំញៀនប្រើប្រាស់ ។

ក្រោយមកជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍សំរោងលើ និងដាក់ពាក្យបណ្ដឹងលើជនសង្ស័យតែម្ដង់ ។ ចំពោះជនសង្ស័យឈ្មោះ ហួត ហួរ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើក ពីបទអំពើលួច ជាប់រយ:ពេល៦ខែ ។ ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន (-) ចំពោះការធ្វើតេស្ដទឹកនោមលទ្ធផល មានសារធាតុញៀននៅក្នុងទឹកនោម (+) ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់