ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន០៣នាក់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបុកគ្នា យ៉ាងពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ៣នាក់រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើកបរម៉ូតូម៉ាកឌ្រីមសង់ឆ្នាំ 2021 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GZ-6219 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានម៉ូតូឌ្រីមសង់ឆ្នាំ 2021 ពាក់ស្លាកលេខ កំពង់ស្ពឺ 1T-0362 ដូចគ្នាធ្វើដំណើរពីរនាក់ប្ដីប្រពន្ធ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួស០៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយ ៕

មតិយោបល់