ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿនរួចបត់ឆ្វេង ចាប់ហ្រ្វាំងរអិលដួលបោកចូលក្រោមរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធន:តូតាលស្តុបបាគូរ លើផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់ កំពុងសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យម្លិះដង្កោ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ មានភាគីម៉ូតូម៉ាក HONDA C125 ពណ៌ក្រហម ពាក់ផ្លាកលេខកណ្ដាល 1AB – 7704 អ្នកបើកបរមានឈ្មោះ សាមុត ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិកោះប្រាក់ ឃុំកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសធ្ងន់ ពាក់មួកសុវត្ថិភាព) ។ ចំណែកឯភាគីរថយន្តម៉ាក HYUNDAI ពណ៌ស ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-8617 អ្នកបើកបរមានឈ្មោះ ជិន សារុន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសាយ៉ាវ ឃុំព្រះនិពា្វន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុរថយន្ត បើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូបើកបរក្នុងទិសដៅ ពីជើងទៅត្បូង រួចបត់ឆ្វេងក្នុងល្បឿនលឿន ចាប់ហ្រ្វាំងរអិលដួល ស្របពេលរថយន្តមកដល់ ក៏បានបោកអ្នកបើកបរម៉ូតូ ចូលក្រោមរថយន្តតែម្ដង ។

មូលហេតុ៖ មកពីភាគីម៉ូតូបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។ សម្ភារ:ខូចខាត: បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតស្រាល ។

បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យច រាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

មតិយោបល់