ព័ត៌មានជាតិ

បុរសម្នាក់ទៅឆក់ត្រីបណ្ដាលឱ្យឆ្លងចរន្ដឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅស្រុកថ្មគោល

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី មានករណីមនុស្សប្រើប្រាស់ឧបករណ៍ឆក់ត្រីបណ្ដាលឱ្យឆ្លងចរន្ដឆក់ខ្លួនឯងស្លាប់នៅចំណុចវាលស្រែទួលតាវ័រខាងត្បូងប្រឡាយលេខ១ក្នុងស្រះទឹករបស់ឈ្មោះខៀវ ញឹប ស្ថិតនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង​ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង​ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះស៊ុង ថាំង​ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានបំភ្លឺថានៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល០២និង៣០នាទីទៀបភ្លឺពួកគាត់មានគ្នាចំនួន៤នាក់បានដេកចាំស្រែនិងបូមទឹកស្រះនៅចំណុចទួលតាវ័រក្នុងភូមិសាស្ត្រភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ពេលនោះជនរងគ្រោះឈ្មោះភ័ក្រ បាន យកអំភ្លីឆក់ដើរឆក់ត្រីតាមស្រែតែម្នាក់ឯងចំណែកខ្លួនបានដើរទៅមើលម៉ាស៊ីនកំពុងបូមទឹកស្រះក្រោយមកខ្លួនបានដើរមកដេកវិញបានមួយសន្ទុះខ្លួនបានដើរទៅមើលកន្លែងម៉ាស៊ីនបូមទឹកស្រះម្ដងទៀតដោយខ្លាចមានត្រីឡើងលុះពេលទៅដល់ស្រះស្រាប់តែឃើញក្បាលកែវអណ្ដែតទឹកមិនឃើញមនុស្សនៅក្នុងស្រះខ្លួនបានចុះទៅជិតឃើញដងឆក់ត្រីហើយខ្លួនបានទាញឡើងមកលើស្រាប់តែឃើញឈ្មោះភ័ក្ត្រ រុំ នឹងខ្សែភ្លើងផុសចេញពីទឹកមកពេលនោះខ្លួនបានស្រែកហៅឈ្មោះធឿន និងឈ្មោះរ៉ាដែលកំពុងដេកហើយមកជួយលើកចេញពីទឹកហើយឈ្មោះភ័ក្ត្របានស្លាប់បាត់ទៅហើយ។ឈ្មោះថ្នាំងបញ្ជាក់ថាពេលដែលខ្លួនអូសចាប់ទាញឃើញក្បាលដង្កាប់នៅជាប់នឹងក្បាលអាគុយទាំងសងខាង។

ក្រោយពីពិនិត្យទីកន្លែងកើតហេតុនិងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុក្រុមការងារបានធ្វើការសន្និដ្ឋានបានថាជនរងគ្រោះឈ្មោះចាន់សុភ័ក្រភេទប្រុសអាយុ៣៣ឆ្នាំមុខរបរកម្មករនៅភូមិព្រៃលាវឃុំបន្សាយត្រែងស្រុកថ្មគោលពិតជាស្លាប់ដោយឆ្លងចរន្តឧបករណ៍ឆក់ត្រីពិតប្រាកដមែន។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់