ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបមុខសញ្ញាក្មេងទំនើងនៅទូទាំងខេត្ដ ផ្ដាច់ព្រ័ត្រក្នុងឆ្នាំ២០២១នេះ

កំពង់ស្ពឺ: កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ចេញប្រតិបត្តិការសហការជាមួយ អធិការក្រុងស្រុកអនុវត្ត តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្នុងផែនការក្ដៅបង្រ្កាបមុខសញ្ញាក្មេងទំនើង នៅទូទាំងខេត្ដកំពង់ស្ពឺ ផ្ដាច់ព្រ័ត្រក្នុងឆ្នាំ២០២១នេះ ។

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន១៣នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពអូស បង្កការភ្ញាក់ផ្អើលនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គ និងក្រុមក្មេងទំនើង០៨នាក់ទៀត ត្រូវ បានសមត្ថកិច្ចនគរបាល ស្រុកសំរោងទង បង្ក្រាបនៅពេលក្រុមនេះ បង្កការអុកឡុកនៅក្នុងពិធីបុណ្យកឋិនទាន នៅវត្តឧត្តរមានជ័យ ក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការទាំងពីរស្រុក កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ -ដាវដែក០៤ ។ -កាំបិតផ្គាក់០១ ។ -កូនកាំបិតចុងស្រួច០១ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកទាំងពីរ ក្មេងទំនើងដែលបានឃាត់សរុប២១នាក់ត្រូវ បានកសាងសាវតា និងអនុវត្ដតាមគោលការណែនាំពីលោកស្នងការ អនុញ្ញាតឱ្យធ្វើការអប់រំ និងអញ្ជើញមាតាបិតា អាណាព្យាបាល មកទទួលយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច ដោយសន្យាថា និងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ងនេះទៀត ករណីមិនរាងចាល ឬមិនបញ្ឈប់សកម្មភាពគឺសមត្ថកិច្ច និងបន្ដនីតិវិធីចាត់ការផ្លូវច្បាប់ ៕

មតិយោបល់