ព័ត៌មានជាតិ

រថយន្តព្រូសបុកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ ហើយមានរថយន្តមួយគ្រឿងមកបុកបន្ថែមទៀត

ភ្នំពេញ: នៅវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង មានរថយន្តម៉ាក Toyota Prius មួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ ហើយត្រូវរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកមកបុកពីក្រោយបន្ថែម រងការខូចខាត រួចបើកគេចបាត់ស្រមោល នៅត្រង់ចំណុចស្តុប វត្តនាគវ័ន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AI -1327 មានមនុស្សប្រុសស្រី០៥នាក់ក្នុងរថយន្ត ធ្វើដំណើរទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ។ ខណ:មកដល់ចំណុចកើតហេតុ ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ហើយរបាំងថ្មបាក់អស់មួយកង់ ។ ស្របពេលនោះដែរ មានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានធ្វើដំណើរមកពីក្រោយបានបុករថយន្ត Prius បន្ថែមទៀត រងការខូចខាត តែរថយន្តបង្កនោះមិនឈប់ទទួលខុសត្រូវទេ ដោយបន្ថែមល្បឿនបើកគេចខ្លួនបាត់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ ភ្លាមៗនោះអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចខ្លួនបាត់អស់ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ត្រង់ចំណុចកើតហេតិខាងលើ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់