ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត ស្តារ៉ិច មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកជ្រុលបុករថយន្តហ្វត មួយគ្រឿងទៀត កំពុងបើកឆ្លងកាត់ ហើយបានបន្ថែមល្បឿនបើកគេចទៅមុខឈប់ចតប្លុងចោល ម្ចាស់គេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-0866 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២២១ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តហ្វត បានបើកឆ្លងកាត់ផ្លូវ១២២ នៅពេលឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាក ស្តារ៉ិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-1471 ធ្វើដំណើរតាមបណ្តោយផ្លូវ១២២ ទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន ដោយមិនបានប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តហ្វតពេញទំហឹង បណ្តាលឲ្យក្រពឹតមួយចំហៀងខាងស្តាំ ។ ចំណែកឯរថយន្ត ស្តារ៉ិច ក៏ព្យាយាមបន្ថែមល្បឿន បើកគេចទៅមុខបន្តទៀត និងបានបន្សល់ទុក ស្លាកលេខផ្នែកខាងមុខរថយន្តមួយសន្លឹក បានដាច់ធ្លាក់នៅកន្លែងកើតហេតុ ។ ដោយអ្នកបើករថយន្ត ស្តារ៉ិច នោះក៏បានយករថយន្តទៅឈប់ចតទុកចោល នៅខាងមុខខារ៉ាអូខេទន្លេសេកុងថ្មី ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ រួចក៏អ្នកបើកបរក៏ចុះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ មានតំណាងខាងរថយន្ត ស្តារ៉ិច បានចូលខ្លួនមកធ្វើការដោះស្រាយគ្នា ជាមួយនឹងម្ចាស់រថយន្តហ្វត ដោយមិនចង់មានរឿងវែងឆ្ងាយ តំណាងខាងរថយន្ត ស្តារ៉ិច ព្រមយករថយន្តហ្វតទៅជួសជុលឡើងវិញ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់