(ញូយ៉ក)៖ ប្រមុខកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ លោក Martin Griffiths បានព្រមានថាស្ថានការណ៍មនុស្សធម៌នៅមីយ៉ាន់ម៉ា មានសភាពកាន់តែយ៉ាប់យ៉ឺន ដោយមនុស្សជាង ៣លាននាក់ដែលកំពុងត្រូវការជំនួយសង្គ្រោះជីវិតជាបន្ទាន់ ដោយសារជម្លោះប្រដាប់អាវុធកាន់តែឡើងកម្ដៅ និងសេដ្ឋកិច្ចក៏កំពុងប្រឈមមុខ ការដួលរលំ។
ចំពោះមុខការព្រមានរបស់លោក Martin Griffiths ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានសម្រេចបើកកិច្ចប្រជុំនៅថ្ងៃចន្ទដើមសប្ដាហ៍នេះផងដែរ ដើម្បីពិភាក្សា គ្នាពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលនឹងខួបឆ្នាំទី ១ នៃការជាប់ឆ្នោតជាថ្មីរបស់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ដែលក្រោយមកត្រូវបានយោធា ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមលោក Martin Griffiths ស្ថានការណ៍នៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា បានក្លាយទៅជាស្ថានភាពដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនៅបរិបទ ខណៈការប្រយុទ្ធគ្នា កាន់តែកើនឡើង រវាងយោធាមីយ៉ាន់ម៉ាជាមួយកងកម្លាំងការពារជាតិ Chinland ក្នុងរដ្ឋ Chin, និងរវាងយោធាមីយ៉ាន់ម៉ា ជាមួយកងកម្លាំងការពារជាតិរបស់ប្រជាជនក្នុងតំបន់ Magway និង Sagaing៕
ប្រភព៖ Reuters
មតិយោបល់