ព័ត៌មានជាតិ

Update៖ ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវអ្នកដាក់បង្កៃត្រីឃើញស្លាប់ អាក្រាតកាយនៅក្នុងទឹកស្រះ

ភ្នំពេញៈ សាកសពស្រ្តីម្នាក់ ត្រូវបានអ្នកភូមិទៅដាក់បង្កៃត្រី ប្រទះឃើញស្លាប់អាក្រាតកាយ នៅក្នុងស្រះទឹកមួយកន្លែង បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះរូបនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គាត់ជាមនុស្សវិកលចរិក ដែលកន្លងមកតែងតែដើរស្រាតជាញឹកញាប់ ។ នៅវេលាព្រឹកនាថ្ងៃកើតហេតុ បុរសម្នាក់ទៅមើលបង្កៃត្រី នៅស្រះទឹកនោះ ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះស្លាប់ នៅក្នុងទឹកស្រះនោះ ទាំងអាក្រាតកាយបាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរាយការណ៍ប្រាប់ ទៅនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល ឲ្យចុះទៅពិនិត្យមើល ។ បន្ទាប់មកនគរបាលខណ្ឌកំបូល បានរាយការណ៍បន្ត ទៅកាន់នគរបាល ការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដើម្បីចុះធ្វើកោសល្យវិច័យ ហើយជាលទ្ធផល រកឃើញថា ស្រ្តីរងគ្រោះស្លាប់ដោយសារតែលង់ទឹក ដែលសង្ស័យថា គាត់ខ្យល់គដួលធ្លាក់ចូលទឹក ។ បន្ទាប់មកដោយសារតែ ជនរងគ្រោះ គ្មានសាច់ញាតិទើបនគរបាល បានយកសាកសពទៅបូជា នៅឯឈាបនដ្ឋានវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

មតិយោបល់