ភ្នំពេញៈ នៅវេលាម៉ោង ៧និង៤៥នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្តព្រូសលឿនខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង បណ្ដាលឲ្យជ្រុលចង្កូតរអិលធ្លាក់ចូលក្នុងរណ្ដៅការដ្ឋានជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយ ដែលគេជីកដើម្បីដាក់លូ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចខាងមុខសាលាអេស្ទើនអន្តរជាតិ តាមបណ្ដោយផ្លូវ15B ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-1171 បើកបរដោយបុរសម្នាក់ គេចចេញពីកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ដោយធ្វើដំណើរពីជើងទៅត្បូង ខណៈដែលមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំងផង ហើយអក់ហ្សើជាមួយរថយន្តមួយគ្រឿងទៀត ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលចង្កូតរអិលធ្លាក់ទៅក្នុងរណ្ដៅការដ្ឋានមួយកន្លែងតែម្ដង។ ប្រភពបានបន្តប្រាប់ទៀតថា ការដ្ឋានខាងលើត្រូវក្រុមការងារជំនាញ ជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយជាង ១ខែមកហើយ ដែលជីកកាយដីជម្រៅ ៥ម៉ែត្រ ទំហំប្រហែល ៣ម៉ែត្រ និងប្រវែង ១០ម៉ែត្រ ផ្លូវនោះត្រូវបានផ្អាកជាបណ្ដោះអាសន្ន មិនអាចធ្វើដំណើរឆ្លងកាត់បានទេ ចំពោះស្លាកសញ្ញាវិញ ដាក់បាំងត្រឹមការដ្ឋានកំពុងតែជួសជុលប៉ុណ្ណោះ ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃើញថា រថយន្តបង្កមិនបានបង្កគ្រោះដល់ដទៃ និងខូចខាតសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ស្ទូចយកទៅជួសជុល៕
មតិយោបល់