បន្ទាយមានជ័យ ៖ ចាប់ពីម៉ោង ២រសៀលម្សិលមិញ រហូតដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១ ពលករខ្មែរដែលធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលយកអាល់កុលលាងដៃ លាយជាមួយភេសជ្ជៈធ្វើជាស្រាផឹកបណ្តាលឲ្យពុលស្លាប់ បានកើនឡើងដល់៧នាក់ហើយ ។
លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា នៅមណ្ឌលចត្តាឡីស័កកូបធំមានករណីពលករខ្មែរ ត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក មានអាការៈក្អួតចង្អោរ ចំនួន២១នាក់ (ស្រី០២នាក់) ដោយពួកគាត់នាំគ្នា យកអាល់កុលលាងដៃលាយជាមួយភេសជ្ជៈ ស្ទីង និងតែអូអ៊ីឈីក និងទឹកក្រូច ទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រា បណ្តាលឲ្យពុល ។ ភ្លាមៗ ក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី និងមន្ទីរពេទ្យនៅខេត្តសៀមរាប ។
លោកបន្តថា ដំបូងឡើយហេតុការណ៍នេះ បានបណ្តាលឲ្យពលករ ០១នាក់ ស្លាប់ភ្លាមៗ ពលករ ០៤នាក់ (ស្រី០១នាក់) ស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី និង០២នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ នៅខេត្តសៀមរាប ក្នុងចំណោមអ្នកជំងឺ ០៤នាក់ ដែលបានបញ្ជូនទៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកវេជ្ជៈបណ្ឌិត បញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលកូបធំ សរុបមានចំនួន ១,៦៨៣នាក់ (ស្រី៧៥២នាក់) ក្នុងនោះមានពលករ ២១នាក់ (ស្រី២នាក់) ដែលជួបគ្រោះថ្នាក់ខាងលើ និងបានស្លាប់កើនឡើងដល់ ០៧នាក់ (ស្រី០១នាក់) ។
សពជនរងគ្រោះ ០១នាក់ ត្រូវបានរក្សាទុកនៅមន្ទីពេទ្យប៉ោយប៉ែត សាកសព ០៤នាក់ (ស្រី១នាក់) រក្សាទុកនៅមន្ទីពេទ្យមង្គលបូរី និងសាកសព ២នាក់ទៀត រក្សាទុកនៅមន្ទីពេទ្យខេត្តសៀមរាប ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕
ប្រភព៖ BTV
មតិយោបល់