ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរភូមិន្ទមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៣ និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងរថយន្តម៉ាកឡិចស៊ីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ០1 (2-6003) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ម្នាក់ បុករបាំថ្មពុះចែកទ្រូងផ្លូវ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង បណ្តាលឲ្យរថយន្តបង្កខ្ទាតចម្ងាយ២០ម៉ែត្រ ទៅបុកផ្ទប់ឈើមួយដើម ក្រឡាប់ផ្ងារជើង រងការខូចខាត ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចស៊ីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ០1 (2-6003) បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ខណៈកំពុងបើកបរមេឃបានធ្លាក់ភ្លៀងខ្លាំង ធ្វើឲ្យផ្លូវមានស្ថានភាពរាង ងងឹតបន្តិច ។ លុះពេលរថយន្តបង្កហេតុខាងលើ ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ហើយរថយន្តនេះបានខ្ទាតចម្ងាយជាង២០ម៉ែត្រ ក្រឡាប់ផ្ងារជើងដាច់កង់ ទៅបុកផ្ទប់ផ្អឹបជាប់នឹងដើមអំពិលទឹកបារាំងមួយដើម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនមានប្រភពណាមួយបាន បញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ពីមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះឲ្យពិតប្រាកដនោះទេ ។ គ្រាន់តែសង្ស័យថា បើកបរដោយ ងងួយដេក ឬមួយក៏បើកបរក្នុងស្ថានភាពស្រវឹងស្រាតែប៉ុណ្ណោះ ។ តាមការបញ្ជាក់របស់សមត្ថកិច្ចថា តៃកុងរថយន្តបានរងរបួសស្រាល ។ ប៉ុន្តែនៅក្នុងរថយន្តបង្កនោះមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ត្រង់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាល ការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្ទូចយករថយន្តខាងលើយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តបង្កហេតុ ចូលខ្លួនដោះស្រាយនៅពេលក្រោយបន្តទៀតតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់