ភ្នំពេញ: ទូកុងតឺន័រ១ដែលផ្ទុកដោយអីវ៉ាន់ចម្រុះច្រើនមុខ បន្ទាប់ពីស្ទូចដាក់ចុះពីលើរថយន្តទុកនៅក្នុងផែស្ងួតកាលពីយប់ រហូតព្រឹកឡើង ស្រាប់តែមានផ្សែងហុយចេញពីខាងក្នុងក្លាយជាអគ្គិភ័យឆាបឆេះដោយពុំដឹងពីមូលហេតុ។ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ហើយភ្លាមៗនោះទោះជាប្រើបំពង់ពន្លត់អគ្គិភ័យច្រើនបំពង់រួមជាមួយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ពន្លត់ក៏មិនបានរលត់ភ្លាមៗដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងផែស្ងួតមួយកន្លែង ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទូកុងតឺន័រមួយនេះផ្ទុកទៅដោយអីវ៉ាន់ចម្រុះជាច្រើនមុខដូចជាគ្រឿងជ័រប្លាស្ទិក ម៉ូទ័របូមខ្យល់ គ្រឿងអេឡិចត្រូនិច និងសម្ភារៈច្រើនមុខទៀត ដោយដឹកតាមរថយន្តមកទម្លាក់ចុះនៅក្នុងផែស្ងួតនេះ កាលពីវេលាម៉ោង ៣យប់ទៀបភ្លឺថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែជួបនូវហេតុការណ៍ភ្លើងឆេះបែបនេះតែម្ដង។
ប្រភពដដែលបាននិយាយទៀតថា នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃកើតហេតុកម្មករនៅក្នុងផែស្ងួតខាងលើ បានដើរកាត់តាមនោះស្រាប់តែប្រទះឃើញមានផ្សែងហុយចេញពីក្នុងទូរកុងតឺន័រមួយនេះ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យច្រើនបំពង់ទៅបាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យទៅជួយ។ ពេលនោះរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌកំបូល និងរថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍បាញ់ពន្លត់ ហើយក៏បានបើកទ្វារទូកុងតឺន័រ និងយកគ្រឿងចក្រទៅស្ទូចលើកបំបះចាក់អីវ៉ាន់ចេញពីក្នុងទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ និងបានរលត់ទៅវិញនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃដដែល៕
មតិយោបល់