ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៦និង១៣នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹងករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ០១ករណីបង្កឡើង នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចក្បែរកាស៊ីណូហ្គ្រេនជេអឹម ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះបានឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណ មានបក្ខពួកជិះម៉ូតូចំនួន០៣គ្រឿង គ្នាប្រហែល ០៧នាក់ បានជិះម៉ូតូកាន់ពូថៅមកធ្វើសកម្មភាព កាប់ទៅលើពួកគេ បណ្ដាលអោយរងរបួសមនុស្សចំនួន០២នាក់ចំក្បាលម្នាក់ និងចំជើងម្នាក់ ។
ជនរងគ្រោះទី១-ឈ្មោះ ង៉ែត រីឆាត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម (របួសក្បាល) ។ ជនរងគ្រោះទី២-ឈ្មោះ កង វិច្ឆិកា ភេទប្រុស អាយុ ១៧ឆ្នាំ (របួសជើង) ។
បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការជាមួយកម្លាំងជំនាញ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕
មតិយោបល់