ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រយ័ត្នក្រដាសប្រាក់១ម៉ឺនរៀលក្លែងក្លាយ!

បន្ទាយមានជ័យៈ ជាថ្មីម្តងទៀតហើយលុយក្រដាសប្រាក់១ម៉ឺនរៀល ក្លែងក្លាយ ត្រូវបានជនខិលខូចចរាចរចែកចាយ នៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីការចរាចរចែកចាយប្រភេទក្រដាសប្រាក់នេះ ស្ងាត់មួយរយៈធំ។

តាមការឲ្យដឹងពីអាជីវករលក់សាំងនៅមុខផ្សារអូរអំបិល ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្នាក់ឈ្មោះ ចែ ឡា បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ គាត់ទទួលក្រដាសប្រាក់រៀលក្លែងក្លាយ ប្រភេទ១ម៉ឺនរៀលមួយសន្លឹក ដែលជាប់នៅក្នុងខ្ទាស់លុយប្រភេទ១ម៉ឺនរៀល ដូចគ្នាពីអ្នកទិញប្រេង ដោយពុំដឹងថា ជាអ្នកណាមួយ លុះរហូតដល់ល្ងាច យកលុយមករាប់បូកសរុបក៏ឃើញគួរឲ្យសង្ស័យ ទើបយកសួរគេ ទើបដឹងថា លុយជាលុយក្លែងក្លាយ។

អាជីវកររូបនេះ បានឲ្យដឹងទៀតថា នេះជាលើកទី១.ហើយ ដែលគាត់ទទួលបានលុយក្លែងក្លាយ ដោយធ្លាប់តែលឺសូរអ្នកជិតខាងនិយាយ និងធ្លាប់ទទួលបានលុយប្រភេទនេះកាលពីឆ្នាំទៅ ។ ចំពោះលុយក្លែងក្លាយប្រភេទក្រដាស់ប្រាក់១ម៉ឺនរៀលនេះ គាត់នឹងរក្សាទុកមិនចាយវាយទេ គ្រាន់ទុកជាគំរូសម្រាប់ថ្ងៃក្រោយ ។

សូមបញ្ជាក់ថា ជាញឹកញាប់ក្រដាសប្រាក់ក្លែងក្លាយប្រភេទ១ម៉ឺនរៀល តែងតែត្រូវបានជនខិលខូចបន្លំចែកចាយ តាមរយៈកន្លែងអាជីវករលក់តូចតាច តាមផ្លូវ នៅក្នុងសង្កាត់អូរអំបិល និងព្រះពន្លា ក្រុងសិរីសោភ័ណ ដែលការចែកចាយនេះ មិនមានលក្ខណៈធំដុំជាច្រើនសន្លឹកឡើយ គឺតែងតែបន្លំជាមួយក្រដាស់ប្រាក់សុទ្ធប្រភេទ១ម៉ឺនដូចគ្នា ឬយកទិញនំ ដើម្បីឲ្យអ្នកលក់នំ អាប់ជាលុយសុទ្ធមកវិញ ។ ការចែកចាយលុយនេះ គឺមានស្ទើររាល់ឆ្នាំ ហើយច្រើនឆ្នាំមកហើយ ពុំទាន់ឃើញសមត្ថកិច្ចបង្ក្រាបបានឡើយ ៕

ក្រដាស់ប្រាក់ ១ម៉ឺនរៀល

មតិយោបល់