ភ្នំពេញៈ នៅថ្ងៃ អង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ស្ថិតត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិ ព្រែកថ្លឹង សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សស្រីម្នាក់រងរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិត នៅគ្លីនិចឯកជនម្លិះដង្កោ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1V-6326 អ្នកបើកបរដោយឈ្មោះ ផេង សោភណ្ឌ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិត នៅគ្លីនិចឯកជនម្លិះដង្កោ ពាក់មួកសុវត្ថិភាព) ។ ចំណែកឯ
ភាគីរថយន្តម៉ាក HINO700 ពណ៌ស ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 5A-1159 អ្នកបើកបរមានឈ្មោះ ប៉ែន ផានេត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបើកបររថយន្តក្រឡុកស៊ីម៉ងត៍ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ពុំមានរងរបួស ឃាត់ខ្លួន) ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ រថយន្តហើយនិងម៉ូតូបើកបរ ក្នុងទិសដៅស្របទិសគ្នា ពីជើងទៅត្បូង លុះធ្វើដំណើរមកដល់ត្រង់ ចំណុចកន្លែងកើតហេតុ ម៉ូតូបានឈប់ភ្លើងស្តុបពណ៌ក្រហម ហើយរថយន្តបានបត់ស្ដាំ ក៏ប៉ះម៉ូតូពីក្រោយ បណ្ដាលអោយអ្នកបើកបរ ម៉ូតូដួលចូលក្រោមរថយន្តតែម្ដង ។
បច្ចុប្បន្នៈ គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់