ព័ត៌មានជាតិ

បុរសជនពិការម្នាក់ដេកនៅលើគ្រែ ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញៈ បុរសជនពិការម្នាក់អាយុ៥៨ឆ្នាំ ដាក់ដៃលើព្រឺភ្លើងដោតដុយស្តាប់វិទ្យុត្រូវឆក់ស្លាប់នៅលើគ្រែក្នុងបន្ទប់ដេកជាន់ក្រោម ហេតុការណ៍ភ្ញាក់ផ្អើស បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងបុរីឫស្សីកែវ ផ្ទះលេខB៥៨ ក្រុម១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជា ចំរើន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ ចាស់ជរា ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានកូនប្រុសស្រីចំនួន០៤នាក់។

ប្រភពព័ត៌មានពីកូនប្រុសពៅឈ្មោះ ជា បញ្ញរិទ្ធ បានឲ្យដឹងថា នៅមុនពេលកើត កូនប្រុសពៅបានមកហៅឪពុករបស់ខ្លួនឲ្យងើបពីគេង ដើម្បីងូតទឹក ស្លៀកពាក់ខោអាវ និងយកគាត់មកដាក់នៅលើរទេះដូចសព្វដង ស្រាប់តែព្រឹកមិញនេះ កូនប្រុសពៅបានហៅឪពុកតែមិនបានឮមាត់ឪពុកឆ្លើយតបជាមួយទេ ក៏បានដើរចូលទៅក្នុងបន្ទប់ រួចហៅ ពេលទៅដល់ក៏បានឃើញឪពុករបស់ខ្លួនស្លាប់បាត់ទៅហើយ ដោយឃើញដៃខាងឆ្វេងរបស់ឪពុកដាក់នៅលើព្រឺភ្លើង។

ក្រោយមកកូនប្រុសពៅបានទូរស័ព្ទទៅបងស្រីឲ្យមកមើល រួចក៏បានរាយការណ៍ទៅប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកផ្ទះកើតហេតុខាងលើ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក្រុមគ្រួសារបានអះអាងថា ការស្លាប់របស់ឪពុកខ្លួន គឺដោយសារតែឆក់ខែ្សភ្លើង ហើយក្រុមគ្រួសារមិនបានប្តឹងដល់អ្នកណាម្នាក់នោះទេ។

ប្រភពពីកូនប្រុសពៅបានបន្តទៀតថា ក្រោយពីឪពុករបស់ខ្លួនបានមកពីប្រទេសម៉ាឡេស៊ីវិញ ក៏មានជំងឺពិការជើងរយៈពេល១០ឆ្នាំជាងមកហើយ ដោយឪពុករបស់ខ្លួនបានអង្គុយលើរទេះរហូតដល់បច្ចុប្បន្ន។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យមើល និងបានធ្វើកំណត់ប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះខាងកើត ខណៈពេលនោះ លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានយកថវិការបស់ខ្លួន ដើម្បីចូលបុណ្យជាមួយក្រុមគ្រួសារសពចំនួន ១០ម៉ឺនរៀលផងដែរ៕

ខ្សែភ្លើងឆក់ជនពិការ (10)ខ្សែភ្លើងឆក់ជនពិការ (11)ខ្សែភ្លើងឆក់ជនពិការ (12)ខ្សែភ្លើងឆក់ជនពិការ (1)ខ្សែភ្លើងឆក់ជនពិការ (2)ខ្សែភ្លើងឆក់ជនពិការ (3)ខ្សែភ្លើងឆក់ជនពិការ (4)ខ្សែភ្លើងឆក់ជនពិការ (5)ខ្សែភ្លើងឆក់ជនពិការ (6)ខ្សែភ្លើងឆក់ជនពិការ (7)ខ្សែភ្លើងឆក់ជនពិការ (8)ខ្សែភ្លើងឆក់ជនពិការ (9)

https://youtu.be/nlUH2ot4vew

មតិយោបល់