ព័ត៌មានជាតិ

ជនសង្ស័យខឹងជនរងគ្រោះ និយាយតិះដៀលខ្លួនថា ជាមនុស្សឆ្កួត ឡប់ៗ យកកាំបិតកាប់ក្បាលដេរ ៩ថ្នេរ

ភ្នំពេញៈ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៦និង២០នាទី ត្រង់ចំណុចរោងស្នាក់នៅ ការដ្ឋានសំណង់បុរីមួយកន្លែង ស្ថិតតាមផ្លូវបេតុងព្រៃស នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ុន ជីវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីខាងលើ ។
ជនរងគ្រោះ ឈ្មោះ អ៊ុក បូរ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៦និង២០នាទី ជនរងគ្រោះឈ្មោះ អ៊ុក បូរ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ កំពុងតែអង្គុយបោកខោអាវនៅខាងមុខរោងស្នាក់នៅ ក្នុងការដ្ឋានកើតហេតុ ស្រាប់តែជនសង្ស័យបានកាន់កាំបិតប៉័ងតោ ដើរចេញពីកន្លែងស្នាក់នៅរបស់គេ (ជនសង្ស័យ) មកកាប់ជនរងគ្រោះពីក្រោយ ត្រូវចំក្បាលខាងលើមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យក៏បានដើរទៅកន្លែងស្នាក់នៅរបស់គេ (ជនសង្ស័យ) វិញ ។ ហើយឈ្មោះ ឡាយ ស្រីទូច ភេទស្រី អាយុ ៣៧ឆ្នាំ បានឮសំឡេងជនរងគ្រោះស្រែកនៅខាងក្រៅរោងស្នាក់នៅ ក៏បានចេញមកមើលឃើញជនរងគ្រោះរងរបួសក្បាលហូរឈាមពេញខ្លួន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍។ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ នំាជនរងគ្រោះទៅព្យាបាលរបួសនៅ ឱសថស្ថានកូនបី ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេរចំនួន០៩ថ្នេរ និងធ្វើ ការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង១៥សង់ទីម៉ែត្រចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ហើយឈ្មោះ ឡាយ ស្រីទូច (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះរងរបួសធ្ងន់ធ្ងរ សមត្ថកិច្ចមិនអាចធ្វើការបំភ្លឺបានទេ ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន ដោយសារជនសង្ស័យខឹងជនរងគ្រោះ កន្លងមកច្រើនតែនិយាយតិះដៀលជនសង្ស័យ ថា ជាមនុស្សឆ្កួត ឡប់ៗ ទើបរូបគេ (ជនសង្ស័យ) កាប់ជនរងគ្រោះតែម្តង។

ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយ មានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់