បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ០២នាក់ប្តីប្រពន្ធបានស្លាប់យ៉ាង អាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ ជាទីបំផុត រវាងរថយន្តធុនធំ បើកបុកម៉ូតូពីក្រោយរួចកិនមនុស្ស កើតឡើងនៅវេលាម៉ោង០៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីប្រជុំជនផ្លូវជាតិ៥៩ នៅចន្លោះគីឡូម៉ែត្រលេខ ២៩-៣០ ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ត់ ហាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1C.3668 អ្នករួមដំណើរឈ្មោះ ដោក កាន់ អាយុ៥៤ឆ្នាំ ជាប្រពន្ធ ។
លោកអធិការ បានបញ្ជាក់ថា មុនពេលកើតហេតុ អ្នកបើកម៉ូតូបានបើកឌុបប្រពន្ធ ក្នុងទិសដៅ ពីលិចទៅកើតឡើងវ៉ាជែងត្រាក់ទ័រ ស្របពេលនោះមានរថយន្ត០១គ្រឿង ហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំ ពណ៌ខៀវលាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D.2784 និងរ៉ឺម៉កស្លាកលេខព្រះសីហនុ 4A.7667 បើកស្របទិសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យជនរងគ្រោះ០២នាក់ ប្តីប្រពន្ធ ខ្ទាតចូលក្រោមរថយន្ត ត្រូវកង់រថយន្តកិន ស្លាប់ទាំង០២នាក់ នៅនឹងកន្លែងកើតហេតុ គួរឲ្យតក់ស្លុត ។ អ្នកបើករថយន្ត ក្រោយពីបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
វត្ថុតាង៖ ម៉ូតូនិងរថយន្ត នគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីស្រាវជ្រាវរកអ្នកបើកបរ ចាត់ការ តាមនីតិវិធី ។ ចំណែកសពជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ ប្រគល់ជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់