ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិត្តចិនផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្នើសុំមិត្តចិនផលិតវ៉ាក់ សាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។

ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំងពីមិត្តចិន ចំនួនពីរលានដូសបន្ថែមទៀត នៅអាកាស យានដ្ឋាន​អន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្នុងពិធីអបអសាទរការផ្តល់វ៉ាក់សាំង​ដោយជោគជ័យ​របស់រដ្ឋាភិបាល និងប្រជាជនចិន​ ចំពោះយុទ្ធនាការចាក់ជុំទីមួយ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ការមានគម្រោងស្នើសុំមិត្តចិនផលិត​វ៉ាក់សាំង​នៅក្នុងប្រទេស ផ្ទាល់តែម្តង​ ដើម្បីងាយស្រួលបំពេញតម្រូវការទៅមុខជាបន្តទៀត។

ប្រទេសចិន បានជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ មកដល់ ប្រទេសកម្ពុជា ហើយក៏ជាប្រទេស ​ដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេមកកម្ពុជា គឺបានផ្តល់​មក​ដល់ដំបូង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ​ហើយគិតមកដល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំង​ដល់​កម្ពុជា​ជិត ៣៩លានដូសហើយ។

តាមរយៈវ៉ាក់សាំងដែលទទួលបានជាបន្តបន្ទាប់ រួមទាំងពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ​បានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា​គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ​ គឺសម្រេចបានចំនួនជាង១៤លាននាក់ ស្មើនឹង​ជិត៨៨ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់៕

មតិយោបល់