ព័ត៌មានជាតិ

នគរបាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលស្រុកថ្មពួកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ចំនួន០៧នាក់ បញ្ជូនមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ ជនសង្ស័យមាន៖ ១/-ឈ្មោះ ឈៀត ភ័ស្ស ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិវល្លិប្រេង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាល ស្រុកថ្មពួក ឃាត់ខ្លួននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមការចង្អុលបង្ហាញពីពលករខ្មែរចំនួន០៧នាក់ ស្រី០៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលយើងទប់ស្កាត់ និងសួរនាំថាឈ្មោះ ឈៀត ភ័ស្ស ជាអ្នកជូនផ្លូវដោយគេយកថ្លៃក្នុងម្នាក់៥០០បាត ។

នគរបាលស្រុកថ្មពួកបានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរនាំ ឈ្មោះ ឈៀត ភ័ស្ស បានសារភាពថា មានឈ្មោះ ឃឹម សំណាង ហៅ ចាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ជាអ្នកឲ្យខ្លួនជូនមនុស្សទាំងនោះ ដោយយកថ្លៃម្នាក់៥០០បាត ។ ក្រោយពីបានចម្លើយរបស់ឈ្មោះ ភ័ស្ស កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនឈ្មោះ ឃឹម សំណាង ហៅ ចាន់ មកសួរនាំ នៅវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនពុំបានទំនាក់ទំនងជាមួយឈ្មោះ ភ័ស្ស ទើបស្គាល់ឈ្មោះ ភ័ស្ស បាន២-៣ថ្ងៃ ប៉ុណ្ណោះ ។ ប៉ុន្តែបើតាមការរាយការណ៍ពីមូលដ្ឋាន ឈ្មោះ ចាន់ នេះ ជាមុខសញ្ញានាំពលករឆ្លងដែនខុសច្បាប់ ។ ដោយផ្អែកលើបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្តតាមនិតិវិធី ចំណែកពលករទាំង០៧នាក់ បានអប់រំណែនាំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕

មតិយោបល់