កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតនៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ខណៈពេលរថយន្តបើកបរពីទិសខាងត្បូង ទៅទិសខាងជើង ហើយម៉ូតូបានបើកបរចេញ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា លុះពេលបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។
មន្ត្រីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា៖ រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-1544 បើកបរដោយឈ្មោះ ឃុន សុខា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអង្កាញ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ឃាត់ខ្លួននៅកន្លែងកើតហេតុ) ។
ចំណែកឯម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-3402 បើកបរដោយឈ្មោះ ស៊ឹម សំណាន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
កម្លាំងជំនាញធ្វើការវាស់វែងរួច រថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ អ្នកបើកបររថយន្តឈ្មោះ ឃុន សុខា កម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាក់ការបន្តទៅតាមនីតិវិធីច្បាប់ ៕




មតិយោបល់