ព័ត៌មានជាតិ

បុរសម្នាក់តូចចិត្តនិងប្រពន្ធ ស្តីបន្ទោសរឿងលក់គោទៅធ្វើការនៅថៃ មិនបានទៅដូចបំណងធ្វើអត្តឃាតសម្លាប់ខ្លួន

បន្ទាយ​មាន​ជ័យៈ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ព្រោះតែ​អន់ចិត្ត​និង​ប្រពន្ធ​ ស្តីបន្ទោស​បន្តិចបន្តួច​រឿង​លក់​គោ​មេ​០២​ក្បាល​ ដើម្បី​ជា​សោហ៊ុយ​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​ បែរជា​មិន​បាន​ដូច​បំណង​ បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រ​ម៉ា​ ចង​.​ក​ ស្លាប់​ខ្លួនឯង​នៅ​នឹង​ដើម​ស្តៅ​ចម្ងាយ​៣០​ម៉ែត្រ​ខាងកើត​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​ ។​ សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ វេលា​ម៉ោង​០៦​និង​១៥​នាទី​ កាលពីព្រឹក​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ភូមិ​យាង​វៀន​ ឃុំ​ផ្គាំ​ ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ឈ្មោះ​ ភ​ន់​ ប៉េង​ ភេទ​ប្រុស ​អាយុ​ ៥៥​ឆ្នាំ​ នៅ​ភូមិ​យាង​វៀន​ ឃុំ​ផ្គាំ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​ នៅ​មុន​ពេល​កើតហេតុ​ បុរស​នេះ​បាន​លក់​គោ​មេ​ចំនួន​០២​ក្បាល​ឲ្យ​ក្មួយ​ បាន​តម្លៃ​ប្រមាណ​ជា ​១០​ម៉ឺន​បាត​ ដើម្បី​យក​លុយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ តែ​បែរជា​មិន​បាន​ទៅ​ដូច​បំណង​ក៏​នឹក​ស្តាយ​គោ​ ពេល​នោះ​ប្រពន្ធ​ក៏​និយាយ​ថា​ បើ​កុំ​លក់​គោ​មានអី​ ដល់​លក់​ហើយ​មិន​បាន​ទៅ​ថៃ​ដដែល​ ចំណែក​លុយ​ក៏​ចាយ​ជិត​អស់​ ។​ដោយ​នឹក​ស្តាយ​គោ​ផង​ និង​លឺ​សំដី​ប្រពន្ធ​និយាយ​នោះ​ផង​ ។​ ឈ្មោះ​ ភ​ន់​ ប៉េង​ បាន​គិត​ខ្លី​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ នៅ​នឹង​ដើម​ស្តៅ​ជិត​ផ្ទះ​មិនដឹង​ជា​ស្លាប់​នៅ​តាំងពី​ពេល​ណា​ លុះ​ព្រឹក​ម៉ោង​០៦​និង​១៥​នាទី​ ទើប​ក្រុម​គ្រួសារ​ដឹង​ ។​

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ សមត្ថកិច្ច​យើង​បាន​ចុះ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សព​រួម​ទាំង​មេ​ភូមិ​ មេឃុំ​ លោកគ្រូ​ពេទ្យ​ តាម​ការ​ពិនិត្យ​នៅ​លើ​ខ្លួន​សព​ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ទេ​ ក្រុមការងារ​សន្និដ្ឋាន​ថា​ឈ្មោះ​ ភ​ន់​ ប៉េង​ ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​ ។​

​ក្រោយ​ពិនិត្យ​រួច​ គណ​:​កម្ម​ការ​យើង​បាន​ប្រគល់​សាកសព​ ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

មតិយោបល់