ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជិះកង់ធ្វើសកម្មភាព លួចទូរស័ព្ទជនរងគ្រោះបានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃអាទិត្យ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង ៣៨នាទី នៅចំណុចស្តុបផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការណែនាំ របស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមជាមួយយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ ដែលដឹកនាំ ដោយលោកវរសេនីយ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យ ចុះប្រតិបត្តិការ បង្ក្រាបករណីលួច ( យកកាបូប ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ យន្ត សុភា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំ អូរដំបង ១ស្រុកសង្កែ ខេត្តបាត់ដំបង និងដកហូតវត្ថុតាងរួមមាន៖

-ទូរស័ព្ទដៃម៉ាក iphone 6plus ពណ៌ ទឹកមាស ចំនួន០១គ្រឿង
-កាបូបខ្មៅ០១
-អត្តសញ្ញាណប័ណ្ណ បណ័្ណធនាគារ និងប័ណ្ណចាក់ វាក់សាំងរួមទាំងកូនសោមួយចំនួនផង ( ជារបស់ ជនរងគ្រោះ )

សូមជម្រាបជូនថាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង ៤០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ទូច វណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើ សកម្មភាព ជិះកង់តាមផ្លូវមុខផ្ទះរបស់ជនរងគ្រោះ ដោយឃើញផ្ទះរបស់ ជនរងគ្រោះ បើកទ្វារធំ និងមិនឃើញមានមនុស្សនៅផ្ទះ ជនសង្ស័យ ក៏ចូលទៅលួច យកកាបូប ស្ពាយរបស់ជនរងគ្រោះ ដែលទុកនៅលើតុខាងក្រោយរថយន្ត របស់ជនរងគ្រោះ រួចរត់គេច ខ្លួនបាត់ ដែលនៅក្នុងកាបូបនោះមានទ្រព្យសម្បត្តិដូចខាងលើ ។

នៅពេលដែលដឹងថា សម្ភារ:របស់ខ្លួនត្រូវជនសង័្សយ លួចយកទៅបាត់នោះ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមក សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង ។

នៅពេលនេះ ការិយាល័យ ជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត បាត់ដំបងចាត់ការ បន្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់