ភ្នំពេញ: បុរសពោះម៉ាយម្នាក់ ខណៈដែលយកខ្សែភ្លើងទៅរាយ ដើម្បីឆក់ត្រី ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង ៣០ នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅបរិវេណដីឡូតិ៍ ភូមិព្រៃកី ខ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពរងគ្រោះមានឈ្មោះ ម៉េង និញ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំដងទង់ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីព្រឹកគេបានឃើញជនរងគ្រោះ ទៅរើសអេតចាយមិនដឹងមូលហេតុអ្វី ស្រាប់តែបានយកខ្សែភ្លើងទៅរាយ ដើម្បីឆក់ត្រីនៅខាងក្រោយរោងស្នាក់នៅ ភ្លាមៗនោះមិនមានអ្នកណាដឹងសោះឡើយ រហូតដល់វេលាម៉ោង១២និង៣០នាទី នេះដោយបាត់ជនរងគ្រោះ មិនឃើញសោះ ក៏នាំគ្នាដើររក ស្រាប់តែឃើញខ្សែភ្លើង រាយចូលទៅក្នុងទឹក ខាងក្រោយរោងស្នាក់នៅ ក៏នាំគ្នាទៅមើលក៏ឃើញជនរងគ្រោះ ត្រូវឆ្លងចរន្តឆក់បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិតបាត់ទៅហើយ ។
ក្រោយកើតហេតុក៏បានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យនិងកោសល្យវិច័យ រួចទើបប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់