បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់បន្ទាប់ពីទៅបង់ត្រីហើយជំងឺស្កន់ជាន់ធ្វើទុក្ខក៏ប្រកាច់ធ្លាក់ទឹកលង់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទីត្រង់ចំណុចក្រុមទី០១ ភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ។
ជនរងគ្រោះឈ្មោះពឿន សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររស់នៅភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺពីម្ដាយឈ្មោះឈិន ហៀប អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានបំភ្លឺថារយៈកាលកន្លងមកកូនរបស់ខ្លួនឈ្មោះពឿន សុភាព មានជំងឺស្គន់ប្រកាច់ហើយពេលវាខឹងម្ដងៗនិយាយថាចង់តែចងកសម្លាប់ខ្លួន។
លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កូនរបស់ខ្លួនបានទៅបង់ត្រីនៅវេលាម៉ោង០៨ព្រឹកហើយយកត្រីមកឲ្យខ្លួនបានម្ដងក្រោយមកក៏រៀបចំបាយទៅបង់ត្រីទៀតនៅវេលាម៉ោង១០ម្ដងទៀតរហូតដល់ម៉ោង០៥ល្ងាចមិនឃើញកូនត្រឡប់មកផ្ទះវិញខ្លួននិងបងប្អូនក៏ដើររកនៅកន្លែងបង់ត្រីតែរកមិនទាន់ឃើញប្រហែលកន្លះម៉ោងស្រាប់តែគេឃើញកង់សំណាញ់នៅក្បែរមាត់ស្រះខ្លួននិងបងប្អូនចុះរាវរកក៏ប្រទះឃើញកូនរបស់ខ្លួនឈ្មោះពឿនសុភាពបានលង់ទឹកស្លាប់បាត់ទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ក្រោយពីពិនិត្យទីកន្លែងកើតហេតុនិងព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានធ្វើការសន្និដ្ឋានបានថាជនរងគ្រោះខាងលើពិតជាស្លាប់ដោយលង់ទឹកស្រះពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕
មតិយោបល់