ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាស្ត្រីម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូពីចំណុចក្បែរផ្ទះខ្មោចស្ថិតក្នុងឃុំផ្សារស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង(ព្រំប្រទល់ស្រុករលាប្អៀរ)កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោយូ គឹមថារិទ្ធី អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកបានប្រាប់ឲ្យដឹងថាដោយទទួលបានព័ត៌មានពីលោកអធិការនគរបាលស្រុករលាប្អៀរតាមរយៈទូរស័ព្ទអំពីករណីចោរលួចម៉ូតូនិងបានជិះមកទិសខាងលិចលោកបានរៀបចំកម្លាំងអធិការនគរបាលស្រុកចំនួន០៧នាក់ដឹកនាំដោយលោកវរសេនីយ៍ទោស៊ុយម៉ៅអធិការរងផែនការងារនគរបាលយុត្តិធម៌ចេញអន្តរាគមន៍ចុះស្រាវជ្រាវក៏ប្រទះឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GF-9937សេរីឆ្នាំ២០១៧មានភិនភាគដូចនឹងព័ត៌មានផ្តល់ឲ្យសមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះគួនរតនានៅចំណុចផ្ទះជួលមានស្លាកយីហោអង្គររាជរបស់ម្ចាស់ឈ្មោះប៉ែន ឃីប ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់នៅវេលាម៉ោង១២និង៤៣នាទីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២១។

លោកវរសេនីយ៍ទោស៊ុយម៉ៅអធិការរងបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីខាងលើមានឈ្មោះគួន រតនា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានមុខរបរមិនពិតប្រាកដ។លោកអធិការរងបានបន្តថាក្រោយសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូនៅលើចិញ្ចើមផ្លូវជាតិលេខ៥ក្បែរផ្ទះខ្មោចប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ឲ្យផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរតាមបញ្ជារបស់ឯកឧត្តមកូយកាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់នៅវេលាម៉ោង១៦និង១១នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕

 

មតិយោបល់