ព័ត៌មានជាតិ

អាសូរណាស់! យុវសិស្ស២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រវាងរថយន្តបុកជាមួយម៉ូតូនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងាថា យុវសិស្ស០២នាក់ មករៀនគួរត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខនេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ ០១នាក់បាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារអូរអំបិល ស្ថិតនៅភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ អោម ឆៃលីន ភេទស្រី អាយុ១៨ឆ្នាំ អ្នកបើកម៉ូតូម៉ាកហុងដាសេ125 ពណ៍ខ្មៅពាក់ស្លាកលេខ 1M-0566 បន្ទាយមានជ័យ ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណនិងអ្នករួមដំណើរឈ្មោះ ឡាម ឡាំផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។ ជនរងគ្រោះទាំង០២នាក់ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មកស្នាក់នៅរៀនថ្នាក់ទី១២ នៅក្រុងសិរីសោភ័ណ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ មុនពេលកើតហេតុយុវសិស្សទាំង០២នាក់ បានជិៈម៉ូតូមកពីរៀនគួរដើម្បីត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវជាតិ ស្របពេលនោះ មានរថយន្ត០១គ្រឿង ម៉ាកឡុចសីស330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ.2AP-5305 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ដល់កន្លែងកើតហេតុ បានបុកប៉ះម៉ូតូរបស់យុវសិស្សកំពុងជិៈឌុបគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុក្តាប់ភិនភាគនិងលេខឡានបាន កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់អ្នកបើកបរកសាងសំណុំរឿងតាមនិតិវិធី ៕

 

មតិយោបល់