ព័ត៌មានជាតិ

COVAX ដាក់ផែនការផ្ដល់វ៉ាក់សាំង AstraZeneca ជាថ្មីជាង ៤លានដូស ក្រោយកូរ៉េខាងជើងបដិសេធ

(សេអ៊ូល)៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តរក្សាទុកវ៉ាក់សាំងបង្ការ COVID-19 AstraZeneca ៤.៧៣លានដូស សម្រាប់ដឹកទៅឱ្យកូរ៉េខាងជើង ដែលស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូចដែលមិនទាន់ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅឡើយ។

ផែនការខាងលើធ្វើឡើង បន្ទាប់ពីផែនការផ្ដល់វ៉ាក់សាំងជិត ២លានដូស ត្រូវបានកូរ៉េខាងជើងបដិសេធ។ បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចែកចាយវ៉ាក់សាំង នៅមិនទាន់មានទេ ខណៈ COVAX កំពុងបន្តទំនាក់ទំនងជាមួយ ទីក្រុងព្យុងយ៉ាង។

ការចែកចាយវ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃផែនការចែកចាយវ៉ាក់សាំង AstraZeneca និង Moderna ចំនួន៤៣លានដូសរបស់ COVAX នៅត្រឹមដំណាច់ខែធ្នូខាងមុខ នេះ ស្របពេលកម្មវិធីមួយនេះមានគោលដៅចែកចាយវ៉ាក់សាំង ១ពាន់លានដូសនៅក្នុងឆ្នាំ២០២១នេះ។

កូរ៉េខាងជើងមិនទាន់បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនរបស់ខ្លួននោះទេ ហើយក៏មិនទាន់បានទទួលស្គាល់ពីការរកឃើញ ករណីឆ្លង COVID-19 នោះដែរ។ ប៉ុន្តែ ប្រទេសមួយនេះបានដាក់ចេញវិធានការរឹតត្បិតដ៏តឹងរ៉ឹង ក្នុងនោះរួមមានការបិទព្រំដែន និងការធ្វើដំណើរនៅក្នុងប្រទេស។ កូរ៉េខាងជើង ធ្លាប់បានបដិសេធទទួលយកវ៉ាក់សាំង ដោយសំអាងថាទុកឱ្យប្រទេសដែលរងគ្រោះខ្លាំងជាងខ្លួន៕

ប្រភព៖​​​​​​ Reuters

មតិយោបល់