ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ប្រចាំរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានចេញប្រតិបត្តិការ ត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្ដែក ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ និងសិប្បកម្មកែច្នៃអំបិល ដែលមានទីតាំង ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។
គោលបំណងនៃការចុះត្រួតពិនិត្យ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ និងភាពអនុលោមទៅនឹងលក្ខខណ្ឌបច្ចេកទេស ធានាការពារសុខភាពជូនប្រជាពលរដ្ឋ ។
យោងតាមលទ្ធផល ត្រួតពិនិត្យក្នុងខេត្តកណ្ដាល បានរកឃើញសិប្បកម្មចំនួន០២ ទីតាំងក្នុងចំណោម០៣ ទីតាំងមិនមានភាពអនុលោម ដោយបានធ្វើការដកហូតពពុះសណ្ដែកមួយចំនួន និងពិន័យអន្តរការណ៍តាមនីតិវីធី ។
ចំណែកក្នុងរាជធានីភ្នំពេញបានដកហូតនូវទឹកត្រីចំនួន ១៨០ ដប ដែលស្មើនឹង ២៧ គីឡូក្រាមមករក្សាទុក ដើម្បីធ្វើការកម្ទេចចោលនាពេលក្រោយ និងផ្អាកចរាចរអំបិលចំនួន ១២ តោន និង ៤០០គីឡូក្រាម និងតម្រូវឱ្យម្ចាស់សិប្បកម្មចូលខ្លួនមកបំភ្លឺនៅសាខារាជធានីផងដែរ ៕
មតិយោបល់