ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបើកវ៉ាជែងបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្សចំនួន០៤នាក់ស្លាប់

កំពតៈ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩-៤០ ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត រវាងរថយន្ត និងម៉ូតូចំនួន០២គ្រឿង ដែលមានទិសដៅផ្ទុយគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបររថយន្តបង្កមិនស្គាល់សាវតា បើកបររថយន្តម៉ាក MAZDA BT-50 ប្រភេទ PICK-UP ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-6512 មានទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿង ដែលមានទិសដៅស្របគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូចំនួន០២គ្រឿង ដែលមានទិសដៅផ្ទុយគ្នា រួចបានចុះរត់គេចខ្លួនបាត់ ។

អ្នកបើកបរម៉ូតូរងគ្រោះទី១-ឈ្មោះ លី ជីអ៊ីន ភេទប្រុស អាយុ១៥ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ យុ មេត្តា ភេទប្រុស អាយុ១៥ឆ្នាំ ទាំង០២នាក់ មានទីលំនៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កំពត 1M-3491 មានទិសដៅពីជើងទៅត្បូង ត្រូវរថយន្តបុកចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ទាំងពីរនាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

អ្នកបើកបរម៉ូតូរងគ្រោះទី២-ឈ្មោះ ថាត ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ឈាង បរិញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ទាំង០២នាក់ មានទីលំនៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GM-5577 មានទិសដៅពីជើងទៅត្បូង ត្រូវរថយន្តបុកចំពីមុខផ្នែកខាងឆ្វេងនៃរថយន្ត បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ។

សាកសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯវត្ថុតាងរួមមាន៖ រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០២គ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ៕

មតិយោបល់