ព្រះវិហារ: តាមសេចក្តីរាយការណ៍ពីមន្ត្រីយោធាស្រុកជាំក្សាន្ត បានឲ្យ Post News ដឹងថា ពលករខ្មែរចំនួន ៩នាក់ ឆ្លងដែនខុសច្បាប់លួចទ្បើងទៅកាប់ឈើគ្រញូង នៅទឹកដីថៃ ត្រូវបានកម្លាំងយោធាការពារខ្សែបន្ទាត់ព្រំដែន ឃាត់ខ្លូនបាននៅចំណុច ព្រលានត្រសេកជួរភ្នំដងរែក។
ប្រភពព័ត៌មានបញ្ជាក់ថា ខណៈយោធាថៃកំពុងដើរល្បាត នៅចំណុចព្រលានត្រសេកជួរភ្នំដងរែកក្នុងដីថៃ ក៍ប្រទះឃើញ ពលរដ្ឋខ្មែរ ៩នាក់ ប្រដាប់ដោយ ពូថៅ៥, រណាដៃ២ និងទូរស័ព្ទ៤គ្រឿង រួមទាំងឈើគ្រញូងចំនួន ៣៣ដុំ។
បន្ទាប់ពីឃាត់ខ្លួនពលរដ្ឋខ្មែរទាំង ៩នាក់ ដែលមានទីលំនៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យោធាថៃបានធ្វើការអប់រំ ហើយបញ្ជូនពួកគេមកមាតុភូមិវិញ។ ចំណែកឯ ឈើគ្រញូងចំនួន ៣៣ដុំ ត្រូវបានយោធាថៃ ដុតកំទេចចោល៕




មតិយោបល់