ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ យកកាំបិតប៉័ងតោកាប់ជនរងគ្រោះ០២នាក់ បណ្តាលឲ្យរងរបួសដេរ៦ថ្នេរ

តាកែវ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការចង្អុលចង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល នីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង០០ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យ០៣នាក់ ករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកម្សាន្ត ខាងកើតមណ្ឌលទេសចរណ៍ ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

នគរបាលស្រុកបាទី បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកម្សាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន៣នាក់៖

១-ឈ្មោះ សុស ណង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិពូនភ្នំ ឃុំត្រពាំងសាច ស្រុកបាទី ខេត្តតាកែវ, ២-ឈ្មោះ ពី ពន្លឺ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ, ៣-ឈ្មោះ ឆុង វណ្ណណយ ភេទប្រុស អាយុ ២១ឆ្នាំ (ជនដៃដល់) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពួនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះ ១-ឈ្មោះ ហ៊ីង វីរ: ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដក់ពះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃនាង ចំនួន១កន្លែង,២-ឈ្មោះ មើល ថា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកល្អាងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលរងរបួសត្រង់កែងដៃចំហៀងខាងឆ្វេង ចំនួន ១កន្លែង ប្រវែង ៧សង់ទីម៉ែត្រ ដេរចំនួន ៦ថ្នេរ ។

នគរបាលស្រុកបាទី បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា គឺបណ្តាលមកពីគំនុំ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ រួមនឹងវត្ថុតាង កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់