ភ្នំពេញ: រថយន្តលាយបេតុង១គ្រឿង ខណៈបើកបរទៅដល់ទីតាំង រនាំងដែលគេដាក់ការពារ មិនឲ្យរថយន្តធុនធំបើកឆ្លង កាត់បេតុង ស្រាប់តែផុងកង់ម្ខាង រអិលធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ទាំងកម្រោល ប៉ុន្តែសំណាងល្អពុំបង្កឲ្យអ្នកបើកបរ រងរបួសនោះឡើយ ។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ខាងកើតវត្តទាន់អរហៅវត្តផ្អរ ស្ថិតនៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាក FUSO ពណ៌ស ជារថយន្តលាយបេតុងហើយមានស្លាក លេខដែរ ប៉ុន្តែក្រោយពេលក្រឡាប់ អ្នកបើកបរបានដោះទុកមិនឲ្យគេស្គាល់ ។ នៅមុនពេលកើតហេតុរថយន្តនេះបាន បើកបរ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មានរនាំងការពារផ្លូវមិនឲ្យរថយន្ត ធុនធំបើកឆ្លងកាត់ ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះរថយន្តនេះ បានបើកគេចហើយផុងកង់បាក់ដី បណ្ដាលឲ្យក្រឡាប់ធ្លាក់ ចូលប្រឡាយ តែម្ដង ប៉ុន្តែជាសំណាងពុំបង្កឲ្យអ្នកបើកបរ ឬព្រូរងរបួសឡើយ ហើយរថយន្តរងការខូចខាតកាប៊ីន និងបែកកញ្ចក់មុខ ។
ក្រោយពេលកើតហេតុ ដោយសារតែពុំមានប៉ះពាល់ដល់អ្នកដទៃ ទើបនគរបាលប៉ុស្តិ៍ឪឡោក ឲ្យម្ចាស់យករថយន្តស្ទូច ទៅស្ទូចយករថយន្តលាយបេតុងនោះ ទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
មតិយោបល់