ព័ត៌មានជាតិ

Nokia អាច​នឹង​វិល​មក​ផលិត​ទូរស័ព្ទដៃ​វិញ​នៅ​ចុងឆ្នាំ ២០១៦

​ក្រោយពី​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅ​ឲ្យ​ក្រុមហ៊ុន Microsoft រួចមក ក្រុមហ៊ុន Nokia បាន​បន្តជីវិត​រស់នៅ​ដោយ​ពឹង​ផ្នែក​ទៅលើ​អាជីវកម្ម​ផ្គត់ផ្គង់ គ្រឿង​បរិក្ខា​ទូរគមនាគមន៍ និង​កម្មវិធី​ផែនទី HERE ប៉ុន្តែ​នៅពេលនេះ ធ្លាយ​ព័ត៌មាន​ថា ក្រុមហ៊ុន Nokia ចង់​ចូលប្រឡូក​នៅក្នុង​ល្បែង​ទូរស័ព្ទ​ចល័ត​ម្ដងទៀត​។​
​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Re/Code បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Nokia មាន​គ្រោង​ដើរ​លើ​ដង​វិថី​នៃ​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ម្ដងទៀត នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៦ ព្រោះថា ក្រុមហ៊ុន Nokia បាន​យល់ព្រម​ជាមួយ Microsoft នឹងមិន​ផលិត​ទូរស័ព្ទ​ដែល​ប្រើ​ស្លាក​សញ្ញា «Nokia» រហូតដល់​ត្រីមាស​ទី​៣ ឆ្នាំ ២០១៦​។​
​ក្រុម​អ្នកជំនាញ​មួយចំនួន​បានលើកឡើង​ថា ក្រុមហ៊ុន Nokia អាច​នឹង​ជោគជ័យ​ម្ដងទៀត បើសិនជា Nokia រកឃើញ​ចំណុចខ្សោយ និង​ចំណុចខ្លាំង​សម្រាប់​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន និង​ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅមុននេះ Nokia បានដាក់​លក់ Tablet N1 ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​មិនសូវ​ទទួលបាន​ប្រជាប្រិយភាព​នោះទេ​៕​
2015-04-20_200046

មតិយោបល់