ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ បង្កការភ្ញាក់ផ្អើលតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AU-7790 ក្នុងស្ថានភាពស្រវឹងជោកជាំតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តនោះ ក៏បានជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ចំណែកឯ ខឿនសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ប្រមាណជាង ១០ដុំ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងស្ទូចយករថយន្ត និងនាំខ្លួនអ្នកបើកបររថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់