សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មធ្ងន់ៗទៅកាន់ឧត្តមសេនីយ៍វៀតណាមម្នាក់ ដែលបានធ្វើសន្និសីទសារព័ត៌មានដោយព្រមានថា ការឆ្លងកូវីដនៅក្នុងប្រទេសវៀតណាមធ្ងន់ធ្ងរ បានមកពីការនាំចូលពីកម្ពុជាចូលទៅវៀតណាម។ ហើយទាក់ទងនឹងសំដីបែបនេះ សម្តេចបានប្រតិកម្មធ្ងន់ៗ និងចាត់ទុកថានេះជាការប្រមាថ មកលើកម្ពុជា។
សម្ដេចថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ លេខ១១ តភ្ជាប់ពីអ្នកលឿង ទៅថ្នល់ទទឹង និងផ្លូវក្នុងក្រុងព្រៃវែងជាង៩៦គ.ម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចបានបញ្ចាក់ថា ចំពោះការលើកឡើងរបស់មន្ត្រីវៀមណាមរូបនោះ សម្តេចមិនប្រឆាំង ឬតិះទៀនរដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងមូលនោះទេ ប៉ុន្តែសម្តេចប្រតិកម្មតឹះទានទៅបុគ្គលវៀតណាមប៉ុណ្ណោះ ដោយសម្តេចថា ជាសំដីដែលមិនអាចទទួលយកបាន ដែលបុគ្គលរូបនេះ ត្រូវធ្វើការកែតម្រូវ ឬសុំទោសរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្នុងនោះដែរសម្ដេចក៏បានលើកឡើងទៀតថា នៅប្រទេសជិតខាងយើងមានការផ្ទុះកូវីដយ៉ាងធំ ពិតមែនប្រទេសថៃមានការថមថយ តែការកើនឡើងនៅប្រទេសវៀតណាម និងឡាវមានការកើនឡើងគួរឱ្យព្រួយបារម្ភ សម្តេចតេជោ ក៏បានណែនាំឱ្យមន្ត្រីរបស់កម្ពុជា ត្រូវយកចិត្តទុកដាក់ លើការបន្តចាក់វ៉ាក់សាំងនៅតាមព្រំដែន និងបន្តធ្វើការចាក់វ៉ាក់សាំងបានលឿនដោយជោគជ័យឆាប់រហ័សបន្តទៀតជូនពលរដ្ឋកម្ពុជាផងដែរ ៕
មតិយោបល់