នេះជាគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ និងគួរឲ្យហួសចិត្តខ្លាំងណាស់ នៅពេលដែលរថយន្តកូរ៉េមួយគ្រឿង ដែលត្រូវបានដឹងថាបិទផ្លាកអគ្គិសនីកម្ពុជា ដោយបើកបរក្នុងល្បឿនយ៉ាងលឿន ហើយនៅទីបំផុត ក៏បានរ៉េចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើងស្តែងៗតែម្តង។
ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថាបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីវេលាអំឡុងម៉ោង១២ ជាងរំលងអាធ្រាត្រថ្ងៃទី៦ ខែធ្នូឆ្នាំ២០២១។
បើតាមបុរសម្នាក់ ដែលធ្វើដំណើរតាមផ្លូវ បានប្រទះឃើញហេតុការណ៍នេះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ខណៈបានឃើញរថយន្តខាងលើនេះបានបើករ៉េពេញផ្លូវ ក្នុងល្បឿនយ៉ាងលឿន តាំងពីចំណុចម្តុំព្រែកលាភ នៅពេលនោះ គាត់ក៏បានជិះម៉ូតូប្រដេញតាម និងថតវីដេអូផងដែរ ហើយមិនបាន រថយន្តនេះក៏បានបើករ៉េឡើងលើខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាងតែម្តង។ គាត់ក៏បានឲ្យដឹងថា អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ទើបបាត់បង់ម្ចាស់ការក្នុងការបើកបែបនេះ ប៉ុន្តែ នេះពិតជាសំណាងហើយ ដែលបានឃើញពុះចែកទ្រូងផ្លូវរាំងផ្ទប់ ពុំទេ រថយន្តនេះនឹងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ។ ចំណែកអ្នកបើកបរ ពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
តែទោះជាយ៉ាងណា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះវាស់វែង និងស្ទួចយករថយន្តនេះ ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់