ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ នាពេលខាងមុខ ដែលតបតាមការអញ្ជើញរបស់ឯកឧត្ដមប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ ក្នងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្ដម Wunna Maung Lwin បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសទាំងពីរផងរវាងកម្ពុជា-មីយ៉ាន់ម៉ា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដម Wunna ក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដោយស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អឡើងវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម Wunna Maung Lwin ក៏បានគោរពជូនសម្ដេចតេជោ នូវលិខិតរបស់ឯកឧត្ដមប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រី នៃនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ដើម្បីអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រីទៅបំពេញទស្សកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២នាពេលខាងមុខ។ សម្ដេចតេជោក៏បានទទួលនូវគារអញ្ជើញនេះ ហើយសម្ដេចតេជោបានជម្រាបជូនឯកឧត្ដម Wunna Maung Lwin ថា សម្ដេចនឹងអញ្ជើទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ តាមការអញ្ជើញនេះ៕
មតិយោបល់