ព័ត៌មានជាតិ

Update៖ ប្រពន្ធស្រែកទ្រហោយំ ខណៈឃើញប្តីវ័យចំណាស់ ជិះម៉ូតូដួលស្លាប់តាមផ្លូវ

ភ្នំពេញៈ បុរសវ័យ៨២ឆ្នាំម្នាក់ ជិះម៉ូតូសុខៗ ស្រាប់តែឈប់ម៉ូតូកណ្ដាលផ្លូវ រួចក៏ដួលទៅលើថ្នល់ បាត់មាត់បាត់ក ភ្លាមនោះក៏មានប្រជាពលរដ្ឋ និងសន្តិសុខយាមនៅក្បែរនោះ ជួយដឹកយកទៅមន្ទីរពេទ្យ តែជាអកុសល លោកគ្រូពេទ្យបញ្ជាក់ថា គាត់បានស្លាប់បាត់ទៅហើយ ។

ហេតុការណ៍រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង០៤និង១៥នាទីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ខាងលើ ជិះម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AJ-0832 ជិះម្នាក់ឯង ទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៤៧ ពេលមកដល់ចំណុចកើតហេតុ គាត់ក៏ឈប់ម៉ូតូកណ្ដាលផ្លូវ រួចដួលតែម្ដង ។ ភ្លាមៗនោះអ្នកធ្វើដំណើរនិងសន្តិសុខ ឃើញសភាពស្លេកស្លាំង ក៏បានជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសល លោកគ្រូពេទ្យបញ្ជាក់ថា គាត់បានស្លាប់បាត់ទៅហើយ រួចក៏ដឹកមកកន្លែងកើតហេតុវិញ ។

សពបុរសខាងលើឈ្មោះ ត្រាំង គឹក អាយុ៨២ឆ្នាំ មានទីលំនៅ ម្តុំផ្សារតាប៉ាងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានមកដល់ ដើម្បីពិនិត្យ និងធ្វើកោសលវិច្ច័យ រួចបានប្រាប់ថា សពស្លាប់ដោយជំងឺបេះដូង ហើយប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់