ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៣ និង ០៥ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកគោ ក្នុងដំណើរច្រាស់ទិសគ្នា នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២០១-២០២ បណ្តាលឲ្យបុរសជា យោធាម្នាក់ ដួលបោកក្បាលស្លាប់ នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យ នៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិ កោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសជាយោធាម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាធូដេ (ពណ៌ផ្កាឈូក) ពាក់ផ្លាកលេខពោធិ៍សាត់ 1L-7967 មកពីកើតទៅលិចលុះមកដល់ចំណុច កើតហេតុខាងលើ បានបុកម៉ូតូហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1C-9635 សណ្ដោងរ៉ឺម៉កដឹកគោ កំពុងធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យបុរសជាយោធាដួលបោកក្បាល ទៅនឹងខឿនថ្នល់ស្លាប់នៅនឹងកន្លែង ។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ គឹម ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ ជាយោធាតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់ មានឋានន្តរស័ក្តិវរសេនីយ៍ទោ ។ ចំណែកឯអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោ មានឈ្មោះ មិត មាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកអធិការបានបន្តថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ បានចុះពិនិត្យនិងធ្វើការវាស់វែង នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីជនរងគ្រោះខាងលើ បានជិះម៉ូតូមិនប្រកាន់ស្តាំ ជិះចូលចំណែកផ្លូវខាងស្តាំដៃគេ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូជនរងគ្រោះ និងម៉ូតូសណ្ដោងរ៉ឺម៉កសមត្ថកិច្ចជំនាញ បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
មតិយោបល់