ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់បានជិះម៉ូតូមករកសេវាកម្ម ពីនារីនៅម្តុំវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីបាននារីដែលត្រូវចិត្តហើយ ក៏បន្តនាំនាងទៅរួមមេត្រីនៅផ្ទះសំណាក់ ដែលមានទីតាំងនៅម្តុំ ក្រោយពេទ្យកាល់ម៉ែត្រ ម្តុំវិហារចាម បន្ទាប់ពីរួមរ័ក្សមេត្រីរួចរាល់ ក៏អស់កម្លាំងសម្រាកបន្តិច ស្រាប់តែភ្ញាក់ពីដំណេក បាត់ទាំងលុយ និងទូរស័ព្ទដៃមួយគ្រឿង។
បន្ទាប់ពីដឹងថានាងលួច បុរសខាងលើបានទាញម៉ូតូ ជិះទៅរកនាងនៅម្តុំវត្តភ្នំ ខណៈមកដល់ចំណុចក្បែរហាងលក់ម្ជូរ១៦៨ ក៏ប្រទះឃើញនាងអង្គុយលើកង់បីឥណ្ឌា ក៏លោតទៅចាប់ ឆែកឃើញទូរស័ព្ទ ក៏មានការវាយប្រតាយប្រតប់គ្នា ខាងស្រីលោតទៅវាយបុរសរងគ្រោះ ចំណែកជនរងគ្រោះតដៃ ក៏ត្រូវគ្នីគ្នារបស់នារីសង្ស័យ ព្រួតគ្នាដេញវាយបុរសរងគ្រោះ ព្រមទាំងដកកាំបិត បម្រុងដេញកាប់ ធ្វើឲ្យជនរងគ្រោះភ័យ រត់ចូលហាងលក់បាយមួយកន្លែង។ ឆ្លៀតឪកាសនារីសង្ស័យបានលើកម៉ូតូកូនទា របស់ជនរងគ្រោះ រួចជិះរត់គេចខ្លួនជាមួយគ្នីគ្នាបាត់អស់ទៅ។
ក្រោយពេលកើតហេតុ គ្មានវត្តមានសមត្ថកិច្ចមកដល់កន្លែងកើតហេតុទេ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដោយខ្លួនឯង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូឲ្យខ្លួនវិញ៕




មតិយោបល់